Search

Sunday, September 11, 2011

គតិបណ្ឌិត គំនិតសាកល

អំពើល្អតែងឈ្នះអំពើអាក្រក់ដូចទឹកតែងពន្លត់នូវភ្លើងបាន។ ប្រសិនបើទឹកមួយកែវមិនអាចពន្លត់អគ្គីភ័យបាន ក៏គេមិនត្រូវសន្និដ្ឋានថាទឹកគ្មានឥទ្ធិពលលើភ្លើងដែរ។
កុំខឹងនឹងមនុស្សដែលធ្វើតាមសេចក្តីប្រថ្នារបស់យើងមិនបាន ព្រោះខ្លួនយើងផ្ទាល់ក៏ធ្វើតាមសេចក្តីប្រាថ្នារបស់ខ្លួនពុំបានដែរ។
ចំណេះជាកំណប់ទ្រព្យឯការប្រតិបត្តិជាកូនសោចាក់យក។
លោកយើងនេះជាសៀវភៅមួយក្បាលធំ អ្នកដែលមិនបានចេញចាកផ្ទះរបស់ខ្លួន ជាបុគ្គលបានអានត្រឹមតែមួយទំព័រប៉ុណ្ណោះ។
អ្នកមានគុណគាប់ ស្គាល់ល្អអាក្រក់ កាលបើសេពគប់មនុស្សអាក្រក់ ក៏ត្រឡប់ជាអាក្រក់វិញ ដូចស្ទឹងថ្លាមានរសជាតិល្អ លុះហូរចូលសមុទ្រហើយ ក៏ប្រែក្លាយទៅមានរសជាតិប្រៃផឹកពុំបាន។
គេអាចឈ្នះសត្រូវរាប់ពាន់អ្នកក្នុងលានប្រយុទ្ធរាប់ពាន់កន្លែង។ តែជនណាអាចឈ្នះខ្លួនឯងបាន ឈ្មោះថាមានជោគជ័យយ៉ាងប្រសើរបំផុត។
អ្នកណាជួយខ្ញុំអ្នកនោះជាមិត្តរបស់ខ្ញុំ មិនមែនគេអាណិតខ្ញុំជាមិត្តរបស់ខ្ញុំទេ។
បើអ្នកចង់ស្វែងរកមិត្តម្នាក់ដែលគ្មានកំហុស អ្នកនឹងរកមិនបានឡើយ។
សម្ភស្សមិនមែនកើតមកពីរូបសម្បត្តិល្អទេ គឺកើតមកពីចរិយាសម្បត្តិល្អនេះឯង។
ជនកំសាករត់គេចពីគ្រោះថ្នាក់ គ្រោះថ្នាក់រត់គេចពីជនក្លាហាន។
ឪពុកក្មេកអាចត្រូវគ្នានឹងកូនប្រសារប្រុសឬកូនប្រសារស្រី។ ម្តាយក្មេកអាចត្រូវគ្នានឹងកូនប្រសារប្រុសតែមិនត្រូវគ្នានឹងកូនប្រសារស្រី។
ញញឹមក្នុងទីបំផុតប្រសើរជាងសើចក្នុងគ្រាដំបូង។
កុលាបពេលក្រពុំក្រអូបជាងពេលរីក។
ទឹកមុខស្រស់ស្អាតពិតជាវត្ថុស្អាតផុតលេខក្នុងចំណោមទស្សនីយភាពទាំងឡាយ។
ឲតែមានសង្ឃឹមគឺប្រាកដជាមានមូលហេតុលួងលោមចិត្តជានិច្ច។
រៀបការបំពេញចិត្តម្តាយ នោះភាពមេម៉ាយបំពេញចិត្តខ្លួនឯង។
អ្នកនិយាយជាអ្នកសាបព្រួស អ្នកស្តាប់ជាអ្នកច្រូតកាត់។
ស្នេហាចូលក្នុងខ្លួនបុរសតាមកែវភ្នែក ហើយលុកលុយនារីតាមត្រចៀក។
ស្ថិតនៅចំពោះមុខសេចក្តីសេ្នហានិងសេចក្តីស្លាប់ គេគ្មានសេចក្តីក្លាហានទេ។
ការផ្តើមឡើងនូវសេចក្តីសេ្នហា គឺជាការរលត់ទៅនៃគតិបណ្ឌិត។
មិនមែនរូបសម្ភស្សរបស់ស្ត្រីទេដែលធ្វើឲគេលង់ក្នុងមន្តស្នេហ៍ ប៉ុន្តែគឺភាពថ្លៃថ្នូររបស់នាងទេតើ។
គ្មានអ្វីដែលស្ងួតរហ័សជាងទឹកភ្នែកនារីទេ។
វត្ថុបីយ៉ាងដែលធ្វើឲត្រជាក់ដល់ដួងចិត្ត ហើយរំដោះទុកកង្វល់ គឺ ទឹក ផ្កា និងសម្ភស្សរបស់ស្រ្តី។
"ខ្ញុំនឹងចាប់ផ្តើមជាថ្មីម្តងទៀត" នេះជារូបមន្តនៃភាពមិនអស់សង្ឃឹម និងសេចក្តីព្យាយាម។
ទោះជាក្លាហាន ឬកំសាក គ្រោះថ្នាក់វាមានដូចតែគ្នា ចុះហេតុអ្វីក៏គេមិនក្លាហានទៅ?
អ្នកត្រូវមានចំរៀងមួយបទក្នុងហោប៉ៅរបស់អ្នកដើម្បីច្រៀងលួងលោមគ្រប់សេចក្តីឈឺចាប់។
សង្គ្រាមគឺជាសាលាហ្វឹកហ្វឺនខាងវះកាត់តែមួយគត់។
ស្នេហាជាសត្រូវម្នាក់ដែលគេមិនអាចយកឈ្នះបានដោយខ្លួននឹងខ្លួន ក៏ប៉ុន្តែដោយការរត់គេច។
ស្រឡាញ់អ្នកដែលមិនស្រឡាញ់ខ្លួនវិញ គឺមានន័យថាស្រឡាញ់ភ្លៀងធ្លាក់កណ្តាលព្រៃ។
ហេតុដែលគូស្នេហ៏មិនចេះនឿយណាយក្នុងការជួបគ្នា ព្រោះគេនិយាយតែអំពីរឿងរបស់ពួកគេ ហើយចេះភាសាពិសេសរបស់គេពីរនាក់ដែរ។
មនុស្សត្រឹមត្រូវអាចមានសេ្នហាដូចមនុស្សឆ្កួត ប៉ុន្តែមិនអាចមានស្នេហាដូចមនុស្សល្ងង់ឡើយ។
បើមិត្តរបស់អ្នកអញ្ជើញអ្នកទៅជប់លៀង ចូរទៅតាមធម្មតា។ តែបើមិត្តរបស់អ្នកជួបគ្រោះថ្នាក់ ចូរទៅដោយប្រញាប់ប្រញាល។
ជួយទប់មនុស្សមិនឲដួលប្រសើរជាងជួយគ្រាហ៍លើកឡើង។
សេចក្តីសង្ឃឹមធ្វើឲមនុស្សពេញចិត្តរស់នៅលើលោកនេះ។
យើងនៅបានដោយមិនមានមិត្ត តែគ្មានមិត្តមិនបាន។
សេចក្តីស្ងៀមជាកែវមណីរបស់ស្ត្រី។
ជីវិតវែងបន្តិដោយការញញឹម ហើយវែងច្រើនឡើងទៀតដោយការសើច។
"ពោះ" ជាអវៈយវៈបញ្ជាររូបកាយ។
ជោគជ័យទាំងឡាយជាអនុស្សាវរីយ៍នៃការអត់ធន់។
មហាសមុទ្រដែលជាទីប្រជុំគ្នានៃខ្សែទឹកដែលហូរពីគ្រប់ទិសទីបាន លុះត្រាតែមានកំពស់ទឹកទាបជាងប្រភពនៃខ្សែទឹកទាំងនោះ។ យ៉ាងណាម៉ិញ អ្នកដែលត្រូវការទទួលយកនូវអំពើល្អ ពីមនុស្សទាំងឡាយ ក៏ត្រូវឱនលំទោនឲទាបជាងគេដែរ។
ឈ្មោះរបស់យើងបុព្វបុរសយើងជាអ្នកដាក់ឲ តែកេរ្តិ៍ឈ្មោះរបស់យើង យើងជាអ្នកសាងឡើង។
កុំរង់ចាំឲគេជួយ ព្រោះមនុស្សដែលអាចជួយអ្នកបាន ក៏កំពុងរង់ចាំឲគេជួយដែរ។
ផ្លូវទៅរកជ័យជំនះ គ្មានដានជើងជនខ្ជិលច្រអូសឡើយ។
ខ្ញុំគ្រាន់តែចង់ចែករំលែកដល់មិត្ត ដើម្បីជាគំនិត....

1 comment:

  1. សូមអរគុណជាខ្លាំងអំពីខ្ញុំ ចំពោះម្ចាស់ វេបសាយដែលបានផ្ដល់នូវគំនិត ដ៏មានតម្លៃ សម្រាប់មនុស្សជាតិ សូមជូនពរឲ្យអ្នកជួបសំណាងល្អគ្រប់ពេល។

    ReplyDelete